កំពង់ចាមៈ នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរំលោភលើទំនុកចិត្ត។
នេះបើតាមការឱ្យដឹងពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ប៊ុន សុធា ហៅ ធា ប៊ុន ភេទប្រុស យុ២៧ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ភ្នាក់ងារដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅតាមដីការបង្គាប់អោយចូលខ្លួនលេខ១២៨ អ យ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ របស់លោក ប្លង់ សុផល ព្រះរាជអជ្ញារងអមសាលាដំបូង ខេត្តកំពង់ចាម។
ភ្នាក់ងារដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ គឺបានខ្ចីម៉ូតូមិត្តភ័ត្ត្ររបស់ខ្លួន នៅខេត្តកំពង់ចាម រួចជិះគេចខ្លួនមករាជធានីភ្នំពេញ បាត់រយះពេល០២ថ្ងៃមកហើយ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម អោយជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសុំការសហការ ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យ រហូតអាចឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើនេះ និងចាប់យកបានវត្ថុតាង ពីជនសង្ស័យរួមមាន ម៉ូតូ ចំនួន០១គ្រឿង ម៉ាកស្កុបពី សេរី២០១៥ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ១N ២៦១៨ ផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)