You are currently viewing ម្ចាស់រទេះក្របី ចំនួន០៤នាក់ ត្រូវបានមន្ត្រីជំនាញធ្វើការអប់រំណែនាំ បន្ទាប់ពីបានដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត

ម្ចាស់រទេះក្របី ចំនួន០៤នាក់ ត្រូវបានមន្ត្រីជំនាញធ្វើការអប់រំណែនាំ បន្ទាប់ពីបានដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត

ពោធិ៍សាត់ៈ នៅវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បានធ្វើការឃាត់ រទេះក្របី ចំនួន ១០ រទេះ ផ្ទុកទៅដោយឈើប្រណិត ស្ថិតនៅចំណុចភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នេះបើតាមការអោយដឹងពី លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងការឃាត់រទេះក្របីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានឃាត់ខ្លួនបានម្ចាស់រទេះនោះ ចំនួន០៤នាក់ផងដែរ ដែលអ្នកទាំងនោះរួមមានឈ្មោះៈ
១. ងុយ ហុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
២. លឹម ហ៊ុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
៣. ហ៊ុំ ហ៊ាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
៤. ផេង ភឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១. រទេះក្របី ចំនួន ១០ រទេះ
២. ឈើប្រណិតប្រភេទធ្នង់ ចំនួន៥១កំណាត់ ស្មើនិង ៦,១៣៥ ម៉ែត្រគូប។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកម្ចាស់រទេះក្របី ទាំង០៤នាក់នោះ ត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការអប់រំណែនាំ និងអោយធ្វើកិច្ចសន្យា រួចអោយត្រលប់ទៅលំនៅដ្ឋានវិញ។


(អត្ថបទៈ ម៉ាន់ ដាវីត)