រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៧និង៤៥នាទី សព ឯកឧត្តម ឧត្តមសេនីយ៍ត្រី លី គីមឈុន ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដង្ហែចេញពីគេហដ្ឋានមកកាន់វត្តអង្គត្រគៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង ឈួន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមជាអធិបតីភាព ក្នុងពិធីផ្តល់ព្រះធរណី។ ក្នុងពិធីនេះដែរ មានការចូលរួមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ ស្នងការ សេនាធិការរង ស្នងការរង និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមាជិកគ្រួសារសព ភ្លៀវកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី លី គីមឈុន បានទទួលមរណភាពនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង០០និង០៥នាទី ដោយរោគាពាធ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី លី គីមឈុន ជានាយទាហានមួយរូបដែលពេញមួយជីវិតរបស់ ឯកឧត្តម បានបូជាបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងបានរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម លី គីមឈុន បានអញ្ជើញសោយសុខទៅកាន់សុគតិភព៕