You are currently viewing ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាក្នុងគ្រួសារ និងប្រើប្រាស់ញ្រឿងញៀន

ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាក្នុងគ្រួសារ និងប្រើប្រាស់ញ្រឿងញៀន

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាក្នុងគ្រួសារ និងប្រើប្រាស់ញ្រឿងញៀន។

មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះធឿន សុខម៉េន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ រ៉ាន់ រឿត ភេទប្រុសអាយុ៣៨ឆ្នាំ ដែលជាប្តី ថាបានប្រើអំពើហិង្សាមកលើខ្លួន និងមានប្រើប្រាស់គ្រឿងញៀន។

មន្ត្រីដដែល បានបញ្ជាក់ទៀតថា ក្នុងពាក្យបណ្តឹងនោះស្រ្តីជនរងគ្រោះបានរាបរាប់ថា ឈ្មោះរ៉ាន់ រឿត នេះបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ មិនបានរៀបការអស់រយៈពេល១៥ឆ្នាំកន្លងមកហើយ ការរស់នៅជាមួយគ្នានោះមិនសូវចុះសម្រុងនឹងគ្នាទេ ព្រោះឈ្មោះរ៉ាន រឿត ចូលចិត្តជក់គ្រឿងញៀនមិនដែលចេះរកសីុអ្វីទេ។

លុះនៅថ្ងៃកើតហេតុនោះឈ្មោះរ៉ាន រឿត មកសុំប្រាក់ពីខ្លួនដើម្បីយកទៅទិញថ្នាំញៀនជក់ពេលនោះស្ត្រីរងគ្រោះមិនឲ្យស្រាប់តែរករឿងឈ្លោះ ថែមទាំងប្រើអំពើហិង្សាមកលើខ្លួនទៀត។
ដោយសារការស៊ូទ្រាំពុំបាន អស់រយះពេលជាច្រើនឆ្នាំមកនេះ ទើបជនរងគ្រោះដាច់ចិត្តមកដាក់ពាក្យបណ្ដឹនៅ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យចុះមកជួយធ្វើអន្តរាគមន៍តែម្ដង។

ក្រោយពីបានទទួលពាក្យបណ្តឹងហើយ កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមនៅកន្លែងកើតហេតុ ហើយបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសួនាំបន្ត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យបានឆ្លើយសារភាពនៅមុខអាវុធហត្ថថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើឈ្មោះធឿន សាម៉េត ពិតប្រាកដមែន ព្រោះខ្លួនសុំលុយដើម្បីយកទៅទិញថ្នាំញៀនជក់មិនបាន។

ជនសង្ស័យត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។