បាត់ដំបងៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
នៅវេលាម៉ោង០៧ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ ជ្រៃកោង សង្កាត់ ស្លាកែត ក្រុង បាត់ដំបង និងចាប់យកបានថ្នាំញៀនជិតកន្លះគីឡូ។
នេះបើតាមការឱ្យដឹង ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១.វ៉ា ស៊ីថារ៉េន ហៅ អ៊ូក ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ រតនះ សង្កាត់រតនះ ក្រុងបាត់ដំបង
២.វោ វុទ្ឋី ហៅ វី ភេទទី៣ អាយុ២៨ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ រតនះ សង្កាត់ រតនះ ក្រុង បាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ ០.៤៤ក្រាម
២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣. ម៉ូតូ ចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីបន្តធ្វើការសាកសួរ។
បន្ទាប់ពីបានធ្វើការសាកសួររួចមក កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសំុការអនុញ្ញាតពី លោក ហេង លុយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង បន្តទៅឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ វ៉ា ស៊ីថារ៉េន។
បន្ទាប់ពីធ្វើការឆែកឆេរផ្ទះជនសង្ស័យខាងលើរួចមក កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៣កញ្ចប់ ដែលមានទម្ងន់ ៤៦៩ក្រាម
២.ជញ្ជីងថ្លឹង ចំនួន០២គ្រឿង និងទូរស័ព្ទដៃ ចំនួន០៥គ្រឿង។
សរុបវត្ថុតាងដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការចាប់យកនោះរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៤ កញ្ចប់ ដែលទម្ងន់ ៤៦៩,៤៤ ក្រាម
២.ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០២ គ្រឿង
៣.ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាឃ្លីច ពណ៍ ក្រហម ស៊េរីឆ្នាំ ២០១៦
៤.ទូរស័ព្ទដៃ ចំនួន០៦ គ្រឿង៕
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)