ស្វាយរៀងៈ ជនសង្ស័យចំនួន០៧នាក់ មាន០៥នាក់ជាព្រះសង្ឃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយទាប និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវត្តសុវណ្ណរង្សី(ហៅវត្តពពែតថ្មី)ស្ថិតនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹង មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ឃឺម ថន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាព្រះសង្ឃស្នាក់នៅវត្តសុវណ្ណរង្សី កើតហេតុខាងលើ
០២. រុន រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជាព្រះសង្ឃស្នាក់នៅវត្តសុវណ្ណរង្សី កើតហេតុខាងលើ
០៣. មុំ រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាព្រះសង្ឃ ស្នាក់នៅវត្ត
សុវណ្ណរង្សី កើតហេតុខាងលើ
០៤. សូ រត្តនៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ជាព្រះសង្ឃស្នាក់នៅវត្តសុវណ្ណរង្សី កើតហេតុខាងលើ
០៥. សេង ឌីភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ ជាព្រះសង្ឃ ស្នាក់នៅវត្តសុវណ្ណរង្សី កើតហេតុខាងលើ
០៦. មោគ សាមាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង
០៧. ឃាន ឃុននី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិ១៣ ក្រុម៧៦ ផ្លូវ៤២២សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់ ដែលមានទម្ងន់ ១៣.៥៦ក្រាម
០២. ទូរស័ព្ទដៃ ចំនួន០៩គ្រឿង
០៣. កាំបិត ចំនួន០១
០៤. ដែកកេះ ចំនួន០៦ និងសម្ភារៈ សម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)