You are currently viewing កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ថូ សេង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារអប់រំស្តារនីតិសម្បទា បានបើកយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន ការជួញដូរ ការចែកចាយ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់ ដល់សិស្សវិទ្យាល័យសម្តេចឪ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីនេះដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១.០០០នាក់បានចូលរួមផងដែរ។
លោកវរសេនីយ៍ទោ ធៀម ភក្តី បានមានប្រសាសន៍ក្នុងពិធីចុះផ្សព្វផ្សាយថ្ងៃនេះថា ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដាក់ផែនការឲ្យលោកចុះមកវិទ្យាល័យសម្តេចឪ ដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សអំពីផលប៉ះពាល់នៃគ្រឿងញៀន ក្រោមពាក្យស្លោក “ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន”។

លោក ធៀម ភក្តី បានបញ្ជាក់ទៀតថា ដោយមានការណែនាំនិងយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចបទបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យកម្លាំងអាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀនទាំង២៥ រាជធានី-ខេត្ត ចុះអនុវត្តណែនាំអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សតាមសាលារៀន តាមវិទ្យាល័យ និងតាមមូលដ្ឋានផងដែរ។ លោកធៀម ភក្តី បានបញ្ជាក់ទៀតថា ការចុះផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនេះ គឺមានគោលបំណងចង់ឲ្យសិស្សានុសិស្សទាំងអស់បានយល់ឲ្យកាន់តែច្បាស់អំពីវិបត្តិ នៃការប្រើប្រាស់គ្រឿងញៀន។

ម្យ៉ាងវិញទៀតលោកកវរសេនីយ៍ទោ ធៀម ភក្ដី បានពន្យល់ណែនាំអំពីផ្លូវច្បាប់ទាក់ទងនឹង ការចែកចាយ ការរក្សាទុក និងការជួញដូរគ្រឿងញៀនផងដែរ។


(អត្ថបទៈ ឡាក់ ភី)