អហ.បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឈឺន ឡុង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ បាលិលេយ្យ១ សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងទៅលើឈ្មោះ គង់ សែ ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ផ្សារកណ្ដាល សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទលួចទូរស័ព្ទដៃ ម៉ាកសាំស៊ុងកាឡាក់ស៊ីណូត ពណ៌ស ចំនួន២គ្រឿងកាលពីវេលាម៉ោង៣និង០០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចបេនឡានក្រុង ស្ថិតក្នុងភូមិ បាលិលេយ្យ១ សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៥នាក់ដឹកនាំដោយលោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើប្រតិបត្តិការស្រាវជ្រាវនាំខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ គង់ សែ ភេទ ប្រុស អាយុ១៩ឆ្នាំ វេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចតាមផ្លូវក្នុងភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉យប៉ែត រួចនាំមកកាន់ មូលដ្ឋានកងរាជអាវុធក្រុងដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួររួចមកជនសង្ស័យឈ្មោះ គង់ សែ បានឆ្លើយសារភាពថា រូបគេបានលួចទូរស័ព្ទរបស់ឈ្មោះ ឈឺន ឡុង ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។ ចំណែកទូរស័ព្ទចំនួន២គ្រឿងដកបានពីជនសង្ស័យត្រូវបានប្រគល់អោយម្ចាស់ដើមវិញ៕