បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារអប់រំស្តារនីតិសម្បទា បានបន្តបើកយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន ការជួញដូរ ការចែកចាយ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់ ដល់សិស្សវិទ្យាល័យសរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន៨២២នាក់ ស្រី៣៧៤នាក់ផងដែរ។
លោកវរសេនីយ៍ទោ ធៀម ភក្តី បានមានប្រសាសន៍ក្នុងពិធីចុះផ្សព្វផ្សាយថ្ងៃនេះថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដាក់ផែនការឲ្យលោកចុះមកវិទ្យាល័យសម្តេចឪ ដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សអំពីផលប៉ះពាល់នៃគ្រឿងញៀន ក្រោមពាក្យស្លោក “ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន”។
លោកវរសេនីយ៍ទោ ធៀម ភក្តី បានបញ្ជាក់ទៀតថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា បទបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យកម្លាំងអាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀនទាំង២៥ រាជធានី-ខេត្ត ចុះអនុវត្តណែនាំអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សតាមសាលារៀន តាមវិទ្យាល័យ និងតាមមូលដ្ឋានផងដែរ។
លោកវរសេនីយ៍ទោ ធៀម ភក្តី បានបញ្ជាក់បន្តទៀតថា ការចុះផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនេះ គឺមានគោលបំណងចង់ឲ្យសិស្សានុសិស្សទាំងអស់បានយល់ឲ្យកាន់តែច្បាស់អំពីវិបត្តិ នៃការប្រើប្រាស់គ្រឿងញៀន។
ម្យ៉ាងវិញទៀត លោកកវរសេនីយ៍ទោ ធៀម ភក្ដី បានពន្យល់ណែនាំអំពីផ្លូវច្បាប់ទាក់ទងនឹង ការចែកចាយ ការរក្សាទុក និងការជួញដូរគ្រឿងញៀនផងដែរ។
(អត្ថបទ ឡាក់ ភី)