ព្រះវិហារៈ ជនសង្ស័យចំនួន០៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួន សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់ រួមមានឈ្មោះៈ
០១. ទឹម សុភាព ហៅម៉ែ យ៉ែម ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរបើកហាងខារ៉ាអូខេ
០២. វ៉ាន់ វីណា ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបលក់ដូរ
០៣. វ៉ាន់ វិបូ ភេទ ប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ។
អ្នកទាំង០៣រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយអ្នកទាំង០៣នាក់ ត្រូវជាម្តាយនឹងកូន។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់
២. ទូរស័ព្ទដៃ ចំនួន០៤គ្រឿង
៣. ដែកកេះ ចំនួន១៧
៤. លុយខ្មែរ ចំនួន២០ម៉ឺនរៀល
៥. លុយថៃ ចំនួន១៨០បាត
៦. លុយដុល្លា ចំនួន០១ដុល្លា
៧. អត្តសញ្ញាណប័ណ្ណ ០១ ។
បន្ទាប់ពីបានឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅមូលដ្ឋាន ដើម្បីបន្តធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យឈ្មោះ ទឹម សុភាព បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីបក្ខពួកម្នាក់ ឈ្មោះ រឹទ្ធ។
លុះមកដល់ម៉ោង១៥ និង២០នាទី ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានសុំការសហការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បន្តឆែកឆេរលំនៅដ្ឋាន របស់ឈ្មោះ រឹទ្ធ ស្ថិតនៅចំណុចភូមិត្រពាំងសង្កែ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ទៀត រួមមានឈ្មោះៈ
១. ឆាយ អេង ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅខេត្តក្រចេះ
២. ជៀ តេងលាង ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ចាម
អ្នកទាំងពីរមានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំខាងលើ។
៣. ហោ វណ្នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរយោធា
រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ធំ និងឧបករណ៏ប្រើប្រាស់គ្រឿងញៀន
មួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)