បន្ទាយមានជ័យៈ ដើម្បីកាត់បន្ថយភាពអសកម្ម និងបទល្មើសផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងសង្គម គឺត្រូវចាំបាច់មានកត្តាសំខាន់ៗជាច្រើន ក្នុងនោះកត្តាអប់រំ គឺត្រូវបានដើរតួជាសំខាន់ ក្នុងចំណោម កត្តាផ្សេងៗ ពីព្រោះថា ការអប់រំ គឺអាចធ្វើអោយបងប្អូនប្រជាពលរដ្ឋ អាចយល់ជ្រួតជ្រាប អំពីផលវិជ្ជមាន និងផលអវិជ្ជមាន
ដែលអាចកើតមានឡើងចំពោះពួកគាត់ ជាក់ស្តែងនៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែគុម្ភះ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារអប់រំស្ដារនីតិសម្បទា បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន ការចែកចាយ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់ ដល់សិស្សានុសិស្ស នៅវិទ្យាល័យខ្លាកូនថ្មី ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៧៩៥នាក់ ក្នុងនោះសិស្សស្រី មានចំនួន៣៩៨នាក់។
(អត្ថបទ ម៉ាន់ ដាវីត)