ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបន្ទប់សាវនាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា
មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក សាជីប ហ្សាម៉ា អនុពន្ធយោធាប្រទេស ប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។
លោកវរសេនីយ៍ឯកសាជីប ហ្សាម៉ា បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កង-រាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យរូបលោកបានជូបសម្តែង ការគួរសមនិងពិភាក្សាការងារ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានសន្តិសុខ ជំរុញសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកងទ័ពទាំងពីរកម្ពុជា-ប៉ាគីស្ថាន។
លោកវរសេនីយ៍ឯក បានបន្ថែមថា ក្នុងរយៈពេល នៃការបំពេញបេសកកម្មនៅកម្ពុជា លោកស្នើសុំឲ្យមានកិច្ចសហការល្អពីកម្លាំងកងរាជអាវុធហត្ថ។ លោក វរសេនីយ៍ឯក សាជីប ហ្សាម៉ា ក៏បានកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថ ដែលបានសម្រេចភារកិច្ច ដ៏ត្រចះត្រចង់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយបានល្អ ជូនជាតិមាតុភូមិ ទទួលបាន នូវការគាំទ្រ និងមានជំនឿពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកវរសេនីយ៍ឯកសាជីប ហ្សាម៉ា និងជូនពរឲ្យការស្នាក់នៅនិងបំពេញបេសកកម្មនៅកម្ពុជា សម្រេចបានជោគជ័យជូនរដ្ឋាភិបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៍លើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ មានការគោរពគ្នាទៅវិញទៅមក។
ជាមួយនោះ ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា ក៏បានជម្រាបជូនពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ ក្រៅពីកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថដែលជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ មានតួនាទីការពារសន្តិ សុខ សណ្តាប់ធ្នាប់ផ្ទៃក្នុងប្រទេស ជាអង្គភាពប្រតិបត្តិច្បាប់ និងជាកម្លាំងជួយសង្រ្គោះគ្រោះមហន្តរាយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ផងដែរ ពីទំនាក់ទំនងរវាងប្រទេសជាតិទាំងពីរ ពិតជាមានសារៈ សំខាន់ខ្លាំងណាស់ដែលត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសកម្ពុជាត្រូវរៀនសូត្រនិងដកស្រង់បទ ពិសោធន៍ពីប៉ាគីស្ថានលើបញ្ហាសន្តិសុខ បញ្ហាភាវរកម្ម បញ្ហានយោបាយជាដើម។