You are currently viewing ឪពុកបង្កើត ប្តឹងកូនបង្កើត ពីបទ ប្រទូស្តកេរិ៍្តខ្មាស់ និងហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន

ឪពុកបង្កើត ប្តឹងកូនបង្កើត ពីបទ ប្រទូស្តកេរិ៍្តខ្មាស់ និងហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៧ របស់ជនរងគ្រោះ ឈ្មោះ កក ខខ ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាប្អូនស្រី និងឈ្មោះ ជា សារិន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងឈ្មោះសារិន តុសិតា ហៅម៉េង ភេទប្រុស អាយុ២២ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិមេមុត ឃុំមេមុត ស្រុកមេមុត ខេត្តកំពុងចាម បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ដែលត្រូវជាកូនបង្កើត ពីបទ ប្រទូស្តកេរិ៍្តខ្មាស់ និងហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី០៧ ខែគុម្ភះ ឆ្នាំ២០១៧ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមក កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនឈ្មោះសារិន តុសិតា ហៅម៉េង នៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៧ ហើយបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានប្រាប់ឲ្យដឹងថា បើតាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង០០ និង៣០នាទី ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៧ ពេលនាងកំពុងងូតទឹកក្នុងបន្ទប់ទឹក ស្រាប់តែឈ្មោះសារិន តុសិតា ហៅម៉េង ក៏ស្ទុះចូលមកក្នុងបន្ទប់ទឹក ហើយចាប់អោបខ្លួនព្រមទាំងយកដៃមកលេងកេរិ៍្តខ្មាស់របស់ខ្លួនទៀតផង។

ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា ពេលនោះជនសង្ស័យមិនមានសំលៀកបំពាក់ទេ ហើយខ្លួនក៏បានស្ទុះទៅយកក្រម៉ាមករុំខ្លួន ស្រាប់តែជនសង្ស័យ បានស្ទុះមកម្ដងទៀតហើយចាប់អោបនាង ពេលនោះនាងក៏ស្រែកឲ្យគេជួយទើបជនសង្ស័យស្ទុះរត់ចេញពីបន្ទប់ទឹកតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានប្រាប់ឲ្យដឹងទៀតថា តាមការឆ្លើយបំភ្លឺរបស់ឈ្មោះជា សារិន ដែលជាឪពុកបង្កើតរបស់ជនសង្ស័យបានឲ្យដឹងថា ក្រោយពីកើតហេតុហើយនោះ កូនចិញ្ចឹមរបស់គាត់ឈ្មោះ ខេង សាណា បានប្រាប់ពីរឿងហេតុដែលកើតឡើងរួចមក គាត់បានហៅកូនបង្កើតរបស់គាត់មកសួរនាំ ស្រាប់តែពេលនោះកូនប្រុសរបស់គាត់មកប្រតាយប្រតប់ជាមួយគាត់ថែមទាំងយកកាំបិតដេញកាប់គាត់ ថែមទាំងស្រែកថា អញសម្លាប់ចោលទាំងអស់ ហើយថែមទាំងចង់ដុតផ្ទះចោលទៀតផង។

ឪពុកជនសង្ស័យបានប្រាប់ឲ្យដឹងទៀតថា កន្លងមកកូនរបស់គាត់ធ្លាប់ប្រើប្រាស់គ្រឿងញៀនរហូតលួចយកទ្រព្យសម្បត្តិដូចជាលុយ និងម៉ូតូទៅលក់ដើម្បីយកមកប្រើប្រាស់គ្រឿងញៀនជាច្រើនលើកទៀតផងដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានប្រាប់ឲ្យដឹងទៀថា តាមការសារសួររបស់សមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តអំពើដូចការចោទប្រកាន់របស់ជនរងគ្រោះនិងឪពុកបង្កើតរបស់ខ្លួនពិតប្រាកដមែន។

ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


(អត្ថបទៈ ឡាក់់ ភី)