You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តចុះផ្សព្វផ្សាយផលប៉ះពាល់ នៃការពាក់ព័ន្ធជាមួយគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តចុះផ្សព្វផ្សាយផលប៉ះពាល់ នៃការពាក់ព័ន្ធជាមួយគ្រឿងញៀន

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារអប់រំស្ដារនីតិសម្បទា បានបន្តចុះផ្សព្វផ្សាយផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យរហាល ស្ថិតក្នុងភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៥៣៦នាក់ ក្នុងនោះសិស្សនារីចំនួន២០៤នាក់ផងដែរ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍ ក្នុងការចុះផ្សព្វផ្សាយផលប៉ះពាល់និងច្បាប់គ្រឿងញៀនថា ដោយមានការណែនាំនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយដោយមានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្តខេត្តបន្ទាយមានមានជ័យ បានចាត់អោយលោកដឹកនាំកម្លាំងកងរាជអាវុធហត្ថ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បន្តចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងញៀន ការចែកចាយ ការរក្សាទុក និងការជួញដូរ ជាអំពើខុសច្បាប់ ដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស។

ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ហើយបានសំណូមពរឲ្យលោកគ្រូ អ្នកគ្រូ ជួយសហការតាមដាននិងផ្ដល់ព័ត៌មានចំពោះសិស្សានុសិស្សណាដែលប្រព្រឹត្តក្នុងការប្រើប្រាស់គ្រឿងញៀនសុំឲ្យរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចកងរាជអាវុធហត្ថក្នុងមូលដ្ឋានផងដែរ។


(អត្ថបទៈ ឡាក់ ភី)