រតនគិរីៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយគណៈបញ្ជាការឯកភាពក្រុងបានលុង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចភូមិឡាប៉ូ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនគិរី។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថក្រុងបានលុង បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តម៉ាកសាំងយ៉ុង ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទធ្នង់ ពេញមួយរថយន្ត (មិនទាន់វាស់វែង) ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)