ក្រចេះៈ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយ កម្លាំងសាលាស្រុកចិត្របុរី ដឹកនាំដោយលោកហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី និងជាប្រធានគណ:បញ្ជាការឯកភាពស្រុកចិត្របុរីបានចុះបង្រ្កាប និងត្រួតពិនិត្យកន្លែងកុងត្រូលអាណាធិបតេយ្យ ចំនួន០១លើក ដោយបានធ្វើការឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីក្លែងបន្លំឯកសណ្ឋាន។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកចិត្តបុរី បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង នៅវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ទឹម គម ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូរស្ពាន ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ បានស្លៀកពាក់ឯកសណ្ជានរដ្ឋបាលព្រៃឈើ និងបានដាក់ប៉ុស្តិយកលុយពីប្រជាពលរដ្ឋដែលរកសុីដឹកឈើ តាមរទេះគោ តាមគោយន្តកន្រ្តៃ និងម៉ូតូ ជាច្រើនដងមកហើយ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
០១. ឯកសណ្ឋានរដ្ឋបាលព្រៃឈើ ចំនួន០១កំប្លេ
០២. មួក ចំនួន០១
០៣. ខ្សែក្រវ៉ាត់សីុវិល ចំនួន០១
០៤. ប្រាក់រៀល ចំនួន៣៥០០០រៀល
០៥. ទូរស័ព្ទចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)