កំពង់ស្ពឺៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណីបាញ់សម្លាប់អ្នកបើកបរគោយន្តម្នាក់ ដោយឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៤នាក់។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចង្អុលបង្ហាញពីសាក្សីឈ្មោះ ក្លែប ងូយ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរទីលំនៅភូមិពោធិមាស ឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់កម្លាំងកងរាជអាវុធហត្ថថា មានរថយន្តចំនួន០១គ្រឿង ម៉ាកកូរ៉ូឡាពណ៏ផ្ទែមេឃ ដោយជិះគ្នាចំនួន០៣នាក់ ហើយជាសន្តិសុខ របស់ក្រុមហ៊ុន H-L-H បានទៅឃាត់គោយន្តដឹកឈើដុល ចំនួន០១គ្រឿង និងបានបាញ់ជាច្រើនគ្រាប់ទៅលើអ្នកបើកបរគោយន្ត។
បន្ទាប់ពីទទួលបានការចង្អុលបង្ហាញរួចមក កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានចេញប្រតិបត្តិការបង្ក្រាបភ្លាមៗ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមានឈ្មោះៈ
០១. ឈន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្រធានសន្តិសុខH-L-H មានទីលំនៅផ្ទះលេខ
៦៦ ផ្លូវ២០០ ភូមិ៦ សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ
០២. កែវ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ អនុប្រធានសន្តិសុខ ក្រុមហ៊ុន H-L-H
មានទីលំនៅផ្ទះលេខ៣៧៥ ក្រុម៦ ភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ ក្រុភ្នំពេញ
០៣. ដួង ពៅ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន H-L-H មានទីលំនៅ
ភូមិពោធិមាស ឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
០៤. ជេង ចំប៉ី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
មន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
០១. ខោប៉ារ៉ាក្រឡាធំ២ និងអាវក្រឡាធំ៤
០២. ផាវគ្រាប់បែកចំនួន០៦កញ្ចប់ រាយ១២គ្រាប់
០៣. គ្រាប់កង់ ចំនួន៨១គ្រាប់
០៤. គ្រាប់កាំភ្លើងប៉េអាកុល ចំនួន០៣គ្រាប់
០៥. គ្រាប់កាំភ្លើងk54 ចំនួន១០គ្រាប់
០៦. គ្រាប់រ៉ូឡូធុនតូច ចំនួន៨៥គ្រាប់
០៧. ខ្នោះដៃ ចំនួន០១
០៨. ខ្ទុះសៀ ចំនួន០១
០៩. ស្រោមកាំភ្លើងខ្លី ចំនួន០១
១០. ខ្សែរក្រវ៉ាត់ ចំនួន០១
១១. ពូថៅដៃ ចំនួន០១
១២. កាំភ្លើងខ្យល់ច្នៃ ចំនួន០១
១៣. ស្លាកលេខ ខេមរភូមិន្ទ ចំនួន០២
១៤. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
១៥. អាវយឺត ចំនួន០១
១៦. ម៉ាវេន ម៉ាស៊ីន ចំនួន០១
១៧. រថយន្ត ចំនួន០២គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូន នគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)