ភ្នំពេញៈ នៅប្រទេសកម្ពុជាយើងមានកម្លាំងប្រដាប់ដូចជា កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងកងរាជអាវុធហត្ថជាផ្នែកមួយនៅកងយោធពលខេមរភូមិន្ទ ដែលជាទ័ពជំនាញមួយនៃទ័ពជំនាញនានា មានភារកិច្ចប្រហាក់ប្រហែលនឹងនគរបាលជាតិផងដែរ។ ប៉ុន្តែច្បាប់បានបែងចែកសមត្ថកិច្ចដាច់ពីគ្នារវាងកងរាជអាវុធហត្ថ និងនគរបាលជាតិចំពោះបទល្មើសយោធា និងបទល្មើសចរាចរណ៍។ ជាការពិតណាស់ កងរាជអាវុធហត្ថមានភារកិច្ចយ៉ាងច្រើននៅក្នុងសង្គមជាតិ
ដែលមានចែងនៅក្នុងអនុក្រឹត្យលេខៈ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថដូចមានក្នុងមាត្រា៤ កងរាជអាវុធហត្ថមានភារកិច្ច៖ រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល, ប៉ូលិសតុលាការ, បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា និងផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំតាមសេចក្តីត្រូវការជាចាំបាច់។ នាពេលនេះ ខ្ញុំបាទសុំលើកយកតែភារកិច្ចរ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ ដែលមានបញ្ញត្តិនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌថា ជានគរបាលយុត្តិធម៌ ជាជំនួយរបស់អំណាចតុលាការ មានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលវត្ថុតាង។ សូមបញ្ជាក់ថា សមាសភាពរបស់នគរបាលយុត្តិធម៌រួមមាន៖ មន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀត ដែលច្បាប់ដោយឡែកប្រគល់អំណាចឱ្យធ្វើការពិនិត្យបទល្មើសខ្លះៗ ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។
ពាក្យ “មន្ត្រីនគរបាលយុត្តិធម៌” គឺសំដៅទៅលើ មន្ត្រីនគរបាលជាតិ នាយទាហាននៃកងរាជអាវុធហត្ថ ព្រមទាំងអភិបាល អភិបាលរងរាជធានី ខេត្ត, អភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ដែលមានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌ (មាត្រា៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។
បើយើងពិនិត្យលើអត្ថន័យនៃកន្សោមពាក្យ “នគរបាលយុត្តិធម៌” មានពាក្យ “នគរ+បាល+យុត្តិធម៌”។ ផ្អែកតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត៖ នគរ មានន័យថា បុរី ឬក្រុង, បាល មានន័យថា អ្នករក្សា និងយុត្តិធម៌ មានន័យថា សេចក្តីទៀងត្រង់ ការប្រព្រឹត្តត្រឹមត្រូវ។ ដូច្នេះនគរបាលយុត្តិធម៌ មានន័យថា អ្នករក្សាបូរី ឬក្រុង ដោយសេចក្តីទៀងត្រង់ ឬការប្រព្រឹត្តត្រឹមត្រូវ។
ក្រមនីតិវិធីព្រហ្មទណ្ដបានបញ្ញត្តិអំពី សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់នគរបាលយុត្តិធម៌ នៅក្នុងការស៊ើបអង្កេត ចែកចេញជាពីរ គឺការស៊ើបអង្កេតករណីជាក់ស្តែង និងការស៊ើបអង្កេតបឋម។ ការស៊ើបអង្កេតករណីជាក់ស្តែង សំដៅដល់ការស៊ើបអង្កេតក្នុងករណីដែលមានបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែងដូចមានចែងក្នុងមាត្រា៨៦ និងមាត្រា៨៨នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ រីឯ ការស៊ើបអង្កេតបឋម សំដៅដល់ការស៊ើបអង្កេតក្នុងករណីដែលមានបទល្មើសមិនជាក់ស្តែងដូចមានចែងក្នុងមាត្រា១១១នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងការស៊ើបអង្កេតករណីជាក់ស្តែង ច្បាប់បានផ្តល់សិទ្ធិ និងអំណាចយ៉ាងច្រើនដល់មន្ត្រីនគរបាលយុត្តិធម៌ ដូចជាការចាប់ខ្លួន ការហាមឃាត់បុគ្គលគ្រប់រូបកុំឱ្យទៅណាឆ្ងាយពីកន្លែងបទល្មើស ការធ្វើប្រតិបត្តិការលើវិសាលភាពទាំងមូលនៃដែនដីជាតិ ការឆែកឆេរ ការចាប់យកវត្ថុតាង ការស្តាប់ចម្លើយបុគ្គលគ្រប់រូប ការកោះហៅបុគ្គលពាក់ព័ន្ធ ការឃាត់ខ្លួន…។ ចំណែកឯ ការស៊ើបអង្កេតករណីបឋមវិញ ច្បាប់ក៏បានផ្តល់សិទ្ធិ និងអំណាចផងដែរ ប៉ុន្តែត្រូវបានកម្រិតជាងករណីជាក់ស្តែង។
ក្រៅពីការស៊ើបអង្កេតដូចខាងលើ មន្ត្រីនគរបាលយុត្តិធម៌ត្រូវបានច្បាប់ប្រគល់សិទ្ធិ អំណាចខ្លះក្នុងដំណាក់កាលស៊ើបសួរតាមរយៈដីកាចាត់ឱ្យស៊ើបសួរជំនួសរបស់ចៅក្រមស៊ើបសួរ។ ទន្ទឹមនឹងការផ្តល់សិទ្ធិ និងអំណាច ច្បាប់ក៏បានបញ្ញត្តិអំពីការមិនគោរពវិធានបញ្ញត្តិមួយចំនួនដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌអាចត្រូវបានមោឃភាពផងដែរ។ លើសពីនេះទៀត នគរបាលយុត្តិធម៌មានភារកិច្ចអនុវត្តដីកាមួយចំនួនដែលចេញដោយសមត្ថកិច្ចតុលាការ។
សរុបសេចក្តីមក នគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថនៅពេលបំពេញបេសកកម្មរបស់ខ្លួន ត្រូវអនុវត្តនិងគោរពតាមនីតិវិធីទាំងអស់ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ដោយឡែកនានា ព្រមទាំងបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រមក្នុងអង្គភាព។
ដើម្បីឱ្យបេសកកម្មរបស់កងរាជអាវុធហត្ថ សម្រេចបានជោគជ័យ ក្នុងការរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ និងសណ្នាប់ធ្នាប់សាធារណៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកចិត្តទុកដាក់លើវិស័យអប់រំ ហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ជាប្រចាំ គ្រប់ជំនាញ។
ជាមួយគ្នានោះ បានយកចិត្តទុកដាក់បន្ថែមលើការហូបចុក ការស្នាក់នៅ ការស្លៀកពាក់ និងការថែទាំសុខភាពកងទ័ពថែមទៀត។ លើសពីនេះទៅទៀត បានកសាងហេដ្ឋារចនាសម្ពន្ធជំរំ ជម្រក បន្ទាយ និងបំពាក់នូវសម្ភារៈ មធ្យោបាយជាច្រើន ដើម្បីបម្រើការហ្វឹកហ្វឺននិងកិច្ចប្រតិបត្តិការរបស់កងរាជអាវុធហត្ថ។
(អត្ថបទៈ ឧ.អេង ហីុ)