បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មពួក ធ្វើការឃាត់ ពេលដែលជនសង្ស័យ បានយកឈើជ្រុងចូលទៅវាយដល់ក្នុងផ្ទះ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ ហើយត្រូវបានស្លាប់ក្នុងខណ:ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តស្រះកែវ ប្រទេសថៃ នៅវេលាម៉ោង៧យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិបន្ទាយមានរិទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងចុះថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ របស់ប្រពន្ធជនរងគ្រោះឈ្មោះ ជីវ សាវឿន អាយុ៦០ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្តឹងឈ្មោះនួន យុទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ពីបទអំពើឃាតកម្មគិតទុកជាមុន បានយកដំបងឈើជ្រុងវាយទៅលើប្តីរបស់គាត់ឈ្មោះឆាន់លើក ហៅងិុក អាយុ៥៣ឆ្នាំ។
លោកវរសេនីយ៍ត្រី ដុំ ចិត្រ បានបញ្ជាក់ទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងហើយលោកបានដឹកនាំកម្លាំងអាវុធហត្ថចុះធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិបន្ទាយមានរិទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថស្រុកថ្មពួក បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា នៅមុខអាវុធហត្ថ ជនសង្ស័យឈ្មោះនួន យុទ្ធបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួយចូលតាមរបងមុខផ្ទះហើយបានយកឈើជ្រុងវាយទៅលើឈ្មោះឆាន់ លើក ហៅងិុក ពិតប្រាកដម៉ែន ដោយសារតែឈ្មោះឆាន់ លើក តែងតែជេរប្រមាថ និងគំរាមកំហែងលើរូបគេពីមុនមក ទើបខ្លួនទ្រាំមិនបានវាយយ៉ាងដូច្នេះ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីបានចម្លើយសារភាពរបស់ជនសង្ស័យរួចមកនិងមានវត្ថុតាងទៀតនោះ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាំញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។
(អត្ថបទៈ ឡាក់ ភី)