បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់ទៀតបាននាំយកថវិកា
របស់អង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ យកទៅជូនក្រុមគ្រួសារឈ្មោះលោកយាយ ធៀវ អាំ អាយុ៧៦ឆ្នាំ ដែលពិការភ្នែក និងកូនស្រីពិការដៃឈ្មោះសំ ទឹម អាយុ៥៧ឆ្នាំ និងចៅស្រីកើតជម្ងឺស្កន់ម្នាក់ទៀតទទួលបានថវិកា ពីអង្គភាពអាវុធហត្ថចំនួន ៧៦០.០០០៛ (៧៦ម៉ឺនរៀល) ដើម្បីយកទៅចាត់ចែង តភ្លើង និងធ្វើអ្វីផ្សេងទៀតក្នុងគ្រួសារ ដែលរស់នៅក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរលោក ស ប៊ុនសឿង បាននាំយកថវិកា របស់អង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៤០០.០០០៛(៤០ម៉ឺនរៀល) យកទៅចូលបុណ្យសពចំនួន០២សព ក្នុង១សព ទទួលបាន ថវិកាចំនួន ២០ម៉ឺនរៀល បន្ថែមទៀត ដែលក្នុងនោះសពទី១ មានឈ្មោះគីវ ចែ ភេទស្រី អាយុ៨៨ឆ្នាំ និងសពទី២មានឈ្មោះ ហាច ឈាវ ភេទស្រី អាយុ៦៤ឆ្នាំ បានស្លាប់ដោយសារជម្ងឺ រស់នៅក្នុងភូមិគោកក្រសាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីចូលបុណ្យសពនោះ លោកស ប៊ុនសឿង បានបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលលោកតែងតែយកចិត្តទុកដាក់យកអំណោយចុះទៅចែកជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាកពិតប្រាកដ ជាពិសេសប្រជាពលរដ្ឋដែលស្លាប់ លោកតែងតែយកថវិកា មកចូលរួមរំលែលទុក្ខដោយមិនប្រកាន់គណបក្យនយោបាយណាឡើយ។
លោក ស ប៊ុនសឿង បានបញ្ជាក់ប្រាប់ បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាននៅក្នុងឃុំស្រះរាំងទាំងអស់ឲ្យបានជ្រាបថា ក្រុមហ៊ុន អេបីសីុ បានធ្វើការជួយឧបត្ថម្ភជាក្ដាម្ឈូស ដល់ប្រជាពលរដ្ឋក្រីក្រីទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដែលមានសមាជិកក្នុងក្រុមគ្រួសារស្លាប់ តាមរយៈអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។
(អត្ថបទ ឡាក់ ភី)