You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អប់រំផ្សព្វផ្សាយការងារចិត្តសាស្ត្រដល់អាវុធហត្ថព្រះវិហារ

ឧត្តមសេនីយ៍ទោ នាង សុជីវី អប់រំផ្សព្វផ្សាយការងារចិត្តសាស្ត្រដល់អាវុធហត្ថព្រះវិហារ

អហ ព្រះវិហារ៖ នៅព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បាននឹងកំពុងប្រារព្ធពិធីផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចំនួនប្រមាណជិត១៥០នាក់។

ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្ត

សាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ។ល។

ដោយមានការអនុញ្ញាតិពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បាននឹងកំពុងធ្វើការផ្សព្វផ្សាយអំពីព្រឹត្តការណ៍ថ្មីៗដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅ និងធ្វើបទបង្ហាញអំពីកងរាជអាវុធហត្ថដូចជា បញ្ហាព្រំដែន, តួនាទី ភារកិច្ចទទួលខុសត្រូវ ស្របតាមរចនាសម្ព័ន្ធ, សិទ្ធិនិងកាតព្វកិច្ចក្នុងនាមជាអាវុធហត្ថ, សិទ្ធិនិងករណីកិច្ចក្នុងនាមជាប្រជាពលរដ្ឋ, ការកសាងខ្លួនឱ្យក្លាយជាអាវុធហត្ថឆ្នើម គំរូ និងមានស្នាដៃល្អ, ការគោរពវិន័យ និងសាមគ្គីឯកភាពផ្ទៃក្នុង និងផ្សព្វផ្សាយបទបញ្ជា ៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ការអប់រំផ្សព្វផ្សាយនេះ នឹងប្រព្រឹត្តទៅជាបន្តបន្ទាប់ទូទាំងប្រទេស ២៥រាជធានី ខេត្ត រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០១៥ ទើបចប់។ សមាសភាពដែលត្រូវចុះទៅអប់រំផ្សព្វផ្សាយមាន៣ក្រុម៖ ក្រុមទី១ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅផ្សព្វផ្សាយចំនួន ៩ខេត្ត។ ក្រុមទី២ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅផ្សព្វផ្សាយចំនួន ៧ខេត្ត។ ក្រុមទី៣ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះទៅផ្សព្វផ្សាយចំនួន ៩ខេត្ត៕​
IMG_1169

IMG_1171

IMG_1168

IMG_1167