កណ្តាលៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ គឺធ្វើឡើងជា០៣លើក ដោយប្រតិបត្តិការលើកទី១ គឺធ្វើឡើងនៅវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ យ៉ង វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនមក បញ្ជាការដ្ឋានខេត្ត ដើម្បីបន្តធ្វើការសាកសួរ ។
បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យឈ្មោះយ៉ង វាសនា រួចមក នៅវេលាម៉ោង ២៣ និង០០នាទី យប់ថ្ងៃកើតហេតុដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ក៏បានបន្តចុះឆែកឆេរលំនៅដ្ឋាន របស់បក្ខពួកជនសង្ស័យ មានឈ្មោះ ឡេង ឈុនហ័ង ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធជាមួយសារធាតុញៀន។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក ជនសង្ស័យឈ្មោះ ឡេង ឈុនហ័ង ត្រូវបានបញ្ជូនមក បញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ ជនសង្ស័យឈ្មោះ ឡេង ឈុនហ័ង បានឆ្លើយសារភាពថា រូបគេនៅមានបក្ខពួកម្នាក់ទៀតមានឈ្មោះ ឃ្លី វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាក់ដាវក្រោម ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បន្ទាប់ពីទទួលបានការចង្អុលបង្ហាញសារភាពរួចមក នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក៏បានបន្តចុះឃាត់ខ្លួនជនសង្ស័យខាងលើ និងដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៩កញ្ចប់
២. កាំភ្លើងខ្យល់ ចំនួន០១ដើម
៣. ដាវ ចំនួន០១ដើម
៤. ទូរស័ព្ទ ចំនួន០៥ដើម
៥. ម៉ូតូ ចំនួន០១គ្រឿង
៦. លុយខ្មែរ លុយដុល្លា និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ចំណែកជនសង្ស័យឈ្មោះ ឡេង ឈុនហ័ង ដែលជាអ្នកប្រើប្រាស់ ត្រូវបានមន្ត្រីជំនាញបានធ្វើការអប់រំ និងអោយធ្វើកិច្ចសន្យា រួចអោយវិលត្រឡប់ទៅលំនៅដ្ថានវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)