You are currently viewing បញ្ជូនខ្លួននាយកក្រុមហ៊ុនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ឆបោក ប្រាក់ ជាង២៤ម៉ឺនដុល្លា

បញ្ជូនខ្លួននាយកក្រុមហ៊ុនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ឆបោក ប្រាក់ ជាង២៤ម៉ឺនដុល្លា

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីជំនាញ នៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ឆបោក តាមរយៈការលក់សំបុត្រយន្តហោះក្លែងក្លាយទៅឲ្យអតិថិជនជាច្រើនអ្នក ។

បើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ រស់ សុភីរ័ត្ន ហៅស្រី រ័ត្ន ជាម្ចាស់ក្រុមហ៊ុន ស្រី រ័ត្ន អន្តរជាតិទេសចរណ៍ ដែលមានពីរទីតាំង ទីតាំងទី១ ស្ថិតនៅអគារលេខ៦២-៦៤E០ ផ្លូវមុនីវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ១១៧E0 ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបើកដំណើរការជាយូរឆ្នាំមកហើយ តែនៅក្នុងអំឡុងឆ្នាំ២០១៦-២០១៧ ក្រុមហ៊ុនរបស់ខ្លួនបានជួបបញ្ហាដោយបុគ្គលិកលួចលក់សំបុត្រយន្តហោះក្លែងក្លាយដល់អតិថិជន ហើយសំបុត្រយន្តហោះនោះធ្វើដំណើរមិនបាន អតិថិជនក៏មកទាមទារយកប្រាក់វិញ ក្នុងនោះអតិថិជនខ្លះបានដោះស្រាយរួចហើយ និងខ្លះទៀតមិនទាន់បានដោះស្រាយ ទើបនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលាម៉ោង២០:៣០នាទីយប់ រូបខ្លួនក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។

រឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ ក្រោយពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ សុភីរ័ត្ន ហៅស្រី រ័ត្ន មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលរងនៅអំពើរបោកប្រាស់នេះរហូតទៅដល់ ៩២នាក់ ដែលខាតបង់ប្រាក់សរុបចំនួន ២៤៧,៩២៣ ដុល្លា (ម្ភៃបួនម៉ឺនប្រាំពីរពាន់ប្រាំបួនរយម្ភៃបី ដុល្លាសហរដ្ឋអាមេរិក ) ។

បើទោះបីជាជនសង្ស័យ ពុំព្រមសារភាពថាអំពើរបោកប្រាស់នេះ ជាទង្វើររបស់ខ្លួនក៏ដោយក៏មន្ត្រីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែមិនឲ្យជនសង្ស័យគេចផុតពីសំណាញ់ច្បាប់បានដែល ។

ក្រោយពេលជនសង្ស័យបញ្ជូនដល់តុលាការប្រជាពលរដ្ឋរាប់សិបអ្នក បានតាមទៅមើលដល់តុលាការ និងសំដែងការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការ របស់អាវុធហត្ថរាជធានីភ្នំពេញ ។


(អត្ថបទៈ GRPP)