ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យការហ្វឹកហ្វឺនជំនាញឆ្លាមសមុទ្រ និងសួរសុខទុក្ខសិក្ខាកាម នៅកោះតាគៀវ ខេត្តព្រះសីហនុ។
ក្នុងពេលនោះ មានការអញ្ជើញចូមរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលតូចពិសេសឆត្រយោង៩១១ ឯកឧត្តម ឧត្តមនាវីឯក មេបញ្ជាការរងកងទ័ពជើកទឹក ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង ព្រមទាំងនាយទាហាននៃកងយោធពលខេមរភូមិន្ទ នាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបបានចូលរួមផងដែរ។
ក្រោយពីលោក ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចពិសេសឆត្រយោង៩១១ បានធ្វើសេចក្តីរាយការណ៍អំពីការហ្វឹកហ្វឺនកន្លងមក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងការកោតសរសើរចំពោះអ្នកដឹកនាំ អ្នកគ្រប់គ្រង និងយោធាចារ្យ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវភារកិច្ចរបស់ខ្លួនក្នុងការហ្វឹកហ្វឺនជំនាញឆ្នាមសមុទ្រនេះ និងទទួលបានជោគជ័យជាទីមោទន។
ជាបន្ តឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ គឺចុងក្រោយទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាមួយដ៏មានតម្លៃបំផុត។
ជាទីបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ បានឧបត្ថម្ភដូចជាទឹកដោះគោ ស្កស ដើម្បីបំប៉នសុខភាពរបស់សិក្ខាកាម និងផ្តល់ថវិកាសរុបចំនួន២៥លានរៀល ព្រមទាំងផ្តល់សាំងចំនួន៥០០០លីត្រផងដែរ។
(អត្ថបទៈ ឧ.អេង ហីុ)