បាត់ដំបងៈ នៅវេលាម៉ោង១៨ និង០០នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធជាមួយករណីឃាតកម្ម ។
នេះបើតាមការអោយដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឈ្មោះ ង៉ូវ សុខលីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ង៉ូវ សុខលីន នេះ បានរករឿងឈ្លោះជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ ខឿន ចំរើន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ រស់នៅចំណុចកើតហេតុ រហូតឈានទៅដល់ការប្រើប្រាស់អំពើហិង្សា និងធ្វើអោយជនសង្ស័យដែលជាប្តី បានយកខ្សែក្រវ៉ាត់ ទៅរឹតក របស់ប្រពន្ធរបស់ខ្លួន រហូតដល់ស្លាប់ រួចយកសពប្រពន្ធរបស់ខ្លួនទៅលាក់ក្នុងបន្ទប់ទឹក។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានធ្វើការគេចខ្លួនទៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាស្រុកកំណើតរបស់ជនសង្ស័យ។
ក្រោយពេលកើតហេតុ គ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំរៀង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់គ្រួសារជនរងគ្រោះរួចមក នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃកើតហេតុដដែល កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំរៀង បានសុំការសហការពី កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសហការ សម្របសម្រួល យ៉ាងយកចិត្តទុកដាក់ពី កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានបន្តធ្វើការស្រាវជ្រាវ តាមរកជនសង្ស័យ រហូតអាចឈានទៅដល់ការឃាត់ខ្លួនបានសំរេច នៅចំណុចភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាស្រុកកំណើតរបស់ជនសង្ស័យ។
ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)