You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការ ចុះផ្សព្វផ្សាយដល់សិស្សានុសិស្ស ពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការ ចុះផ្សព្វផ្សាយដល់សិស្សានុសិស្ស ពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន

បន្ទាយមានជ័យៈ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ថូសេង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសនិងសន្តិសុខ
ទទួលការងារអប់រំស្តារនីតិសម្បទា បានបន្តយុទ្ធនាការ ចុះផ្សព្វផ្សាយដល់សិស្សានុសិស្ស ពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន និងការជួញដូរ ការចែកចាយ ការរក្សាទុក ដល់សិស្សានុសិស្សតាមវិទ្យាល័យ និងអនុវិទ្យាល័យចំនួន០៤ក្នុងស្រុកភ្នំស្រុក រួមមានៈ
០១. វិទ្យាល័យភ្នំស្រុក ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ដែលមានសិស្សានុសិស្សចូលរួមចំនួន៨៤២នាក់ សិស្សស្រី៤៣៥នាក់ លោកគ្រូ អ្នកគ្រូ ចំនួន៥៨នាក់ ស្រី២១នាក់។
០២. វិទ្យាល័យសុខអានប៉ោយចារ ស្ថិតក្នុងភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក សិស្សានុសិស្សចូលរួមចំនួន៥០០នាក់ ស្រី២៦១នាក់ លោកគ្រូ អ្នកគ្រូ ចំនួន៦៨នាក់ ស្រី ២៨នាក់។
០៣. វិទ្យាល័យហ៊ុនសែនណាំតៅ ស្ថិតក្នុងភូមិកន្ទួត ឃុំណាំតៅ ស្រុកភ្នំស្រុក សិស្សានុសិស្សចូលរួមចំនួន២២៨នាក់ ស្រី១៣២នាក់ លោកគ្រូ អ្នកគ្រូ ចំនួន១៧នាក់ ស្រី០២នាក់។
០៤. អនុវិទ្យាល័យបុប្ផាប្រសិទ្ធ ស្ថិតក្នុងភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក មានសិស្សានុសិស្សចូលរួមចំនួន១៣០នាក់ ស្រី៧៦នាក់ លោកគ្រូ អ្នកគ្រូ ចំនួន១៤នាក់ ស្រី០៥នាក់។

លោក វរសេនីយ៍ឯក ថូ សេង បានមានប្រសាសន៍ក្នុងពិធីចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្សថ្ងៃនេះថា គោលបំណងនៃការផ្សព្វផ្សាយនេះ ក្រោមប្រធានបទ “ឆ្លើយថាទេចំពោះគ្រឿងញៀន”។

ក្នុងឱកាសនោះផងដែរ លោក វរសេនីយ៍ឯក ថូ សេង បានបញ្ជាក់ទៀតថា ដោយមានការណែនាំនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយបានការអនុញ្ញាត ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាត់ឲ្យកម្លាំងអាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀន ចុះអនុវត្តការផ្សព្វផ្សាយអំពីផលបះពាល់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរ ការចែកចាយ និងការរក្សាទុកផងដែរ។ លោកវរសេនីយ៍ឯក ថូ សេង បានសំនូមពរដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស តាមគ្រប់វិទ្យាល័យ នៅក្នុងស្រុកថ្មពួក ជួយតាមដានដល់សិស្សណាដែលប្រើប្រាស់គ្រឿងញៀន ឬជួញដូរ ចែកចាយ រក្សាទុក ត្រូវការជាបន្ទាន់ដល់សមត្ថកិច្ចដែលនៅជិត ជាពិសេសគឺកម្លាំងមូលកងរាជអាវុធហត្ថដែលឈរជើងនៅទីនោះ ដើម្បីធ្វើការចុះបង្ក្រាបភ្លាមៗតែម្ដង។

ក្នុងឱកាសនោះផងដែរ លោក វរសេនីយ៍ទោ ធៀម ភក្តី ជាគ្រូឧទ្ទេសនាម បានបញ្ជាក់ថា ការចុះផ្សព្វផ្សាយនេះ គឺមានគោលបំណងចង់ឲ្យសិស្សានុសិស្ស ទាំងអស់នៅតាមវិទ្យាល័យ បានយល់ឲ្យកាន់តែច្បាស់អំពីវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន ក៍ដូចជាច្បាប់នៃការជួញដូរ រក្សាទុក និងចែកចាយផងដែរ។

ក្រោយពីធ្វើការផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនអស់រយះពេលពីរថ្ងៃមក លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានធ្វើការកោតសរសើរដល់កងកម្លាំងអាវុធហត្ថ ដែលបានចុះមកផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅតាមវិទ្យាល័យ ក្នុងស្រុកភ្នំស្រុកនេះផងដែរ ហើយលោកបានសំនូមពរដល់កម្លាំងអាវុធហត្ថឲ្យនៅបន្តការផ្សព្វផ្សាយនេះបន្តទៀត។


(អត្ថបទៈ ឡាក់ ភី)