កំពង់ចាមៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី១ គឺធ្វើឡើងនៅវេលាម៉ោង០០ និង៥០នាទី អធ្រាត្រថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មាន ឈ្មោះ ទ្រី ពៅ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិទី១ ឃុំកំពង់លួង ស្រុកគគរ ខេត្តពោធិសាត់ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ៈ
១. ថ្នាំងញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់០.៥៩ក្រាម
២. ទូរស័ព្ទដៃចំនួន០១គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីបន្តធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេបានទិញថ្នាំញៀនទាំងនោះពីឈ្មោះ ប្រាក់ វុទ្ធី ហៅតាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ០៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការពន្លាតដែនសមត្ថកិច្ច ដោយសុំការសហការពី កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យនោះ បានភ្លាមៗ ដោយជោគជ័យ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)