ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួន សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១៦ និង១០នាទី ល្ងាចថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអភិវឌ្ឍន៍ ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ចាន់ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ៈ
១. ថ្នាំងញៀនប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់(កញ្ចប់ធំ០២តូច០៥)ស្មេីនិង៨.៥ហ៊ុន
២. លុយខ្មែរ ចំនួន១៤០០០០រៀល
៣. លុយដុល្លា ចំនួន០៩ដុល្លា។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)