ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់
នៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្សារចិន ក្រុមទី២៣ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីមន្ត្រី កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ហេង ស្រីណែត ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ស្រុកបុទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នរស់នៅក្រុម២៣ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២. អ៊ុន សុផាត ហៅហួត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិកកំពង់ផែ មានស្រុកកំណើត ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅក្រុម២៣ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់ ០.៩៩ក្រាម
២. ដបជក់ចំនួន០២
៣. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៤. ដែកកេះចំនួន១០
៥. លុយខ្មែរ ចំនួន២សែនរៀល និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)