ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ និងស្នាក់ការកងរាជអាវុធហត្ថទំនប់រលក បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១៣ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីមន្ត្រី កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. សៀង ស្រីល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
២. វ៉ាន់ ចាន់ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នរស់នៅក្រុម២៣ ភូមិពូធើង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ ០.១០ក្រាម
២. ដបជក់ ចំនួន០១
៣. កាំបិត ចំនួន០១
៤. ដែកកេះ ចំនួន០៤
៥. ក្បាលមាន់ផ្សា ចំនួន០១ និងថង់សំរាប់ច្រកមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)