រតនគិរីៈ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ជាប្តីនិងប្រពន្ធ ស្ថិតនៅចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីមន្ត្រី កងរាជអាវុធហត្ថក្រុងបានលុង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ឈៀង សំណាង អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ( ត្រូវជាប្ដី ) និង
ប្រពន្ធ ឈ្មោះ ឈឿន សេងហុង អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៤កញ្ចប់ ដែលមានទម្ងន់ ៩.៥២ក្រាម
២. ម៉ូតូ ចំនួន០១គ្រឿង
៣. លុយខ្មែរ ចំនួន៥មឺុនរៀល និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)