កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិឃ្លាំងលិច ឃុុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល សង្ស័យមានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកកោះធំ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ សាន ហឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៥កញ្ចប់ ដែលមានទម្ងន់ ០.១៧ក្រាម
២. លុយខ្មែរ ចំនួន៥ពាន់រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)