បន្ទាយមានជ័យៈ នៅវេលាម៉ោង១០ និង០០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៧ មានក្មេងស្ទាវចំនួន០២នាក់ បានប្រើហិង្សាទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យត្រូវភ្នែករបួសធ្ងន់ ស្ថិតនៅចំណុចបរិវេនកាសីុណូហ្គោលឌិន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើសកម្មភាពរួច ក្មេងស្ទាវទាំង០២នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្ទាវទាំង០២នាក់នោះ មានឈ្មោះ អ៊ុយ តូហ៊ា ភេទប្រុស អាយុ១៩ឆ្នាំ និងមិត្តភ័ក្តម្នាក់ទៀតបានធ្វើសកម្មភាពវាយទៅលើឈ្មោះផេន សុខេង ភេទប្រុស អាយុ១៨ឆ្នាំ បណ្តាលឲ្យចំភ្នែករងរបួសជាទម្ងន់ ធ្វើអោយជនរងគ្រោះឈ្មោះផេន សុខេង បានរត់ទៅយកកាំបិតសាំម៉ូរ៉ៃដែលខ្លួនលាក់ទុកនៅក្រោមគំនរឈើក្បែរនោះមកកាប់ទៅលើឈ្មោះអ៊ុល តូហ៊ា វិញតែកាប់មិនត្រូវ។
កំពុងស្របពេលធ្វើសកម្មភាព កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនោះបានភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុតិ្តធម៌ បានឲ្យដឹងថា នៅមុខមន្ត្រីកងរាជអាវុធហត្ថជន សង្ស័យទាំង០២នាក់នោះ បានឆ្លើយសារភាពថា ពួកគេពិតជាបានវាយគ្នាទៅវិញទៅមកពិតប្រាកដមែនព្រោះមានគំនុំនឹងគ្នាយូរមកហើយ។
ក្រោយពីទទួលបានចម្លើយសារភាពហើយនោះ ជនសង្ស័យទាំង០២នាក់ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។