រាជធានីភ្នំពេញៈ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបញ្ជូនមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ប្រចាំតំបន់ រ៉ារថភ្លើង និងរោងចក្រឆ្នាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមជាមួយបក្ខពួក៤នាក់ផ្សេងទៀត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។
តាមការបញ្ជាក់ឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួនមេក្លោងម្នាក់នេះ ដំបូងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ រួមជាមួយកម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមដាននូវសកម្មភាពជនសង្ស័យខាងលើនេះ រហូតឈានទៅដល់ការចុះបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងចាប់យកថ្នាំញៀនបាន២០៣កញ្ចប់ ដោយមានការចូលរួមពីគណបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញផងដែរ។
បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្វែងរកមេក្លោងឈ្មោះ អែម អន ហៅអាឆេះ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបឃាត់ខ្លួនបាននៅចំណុច ផ្ទះគ្មានលេខ ស្ថិតក្នុងភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជាក់អោយដឹងថា តាមការចង្អុលបង្ហាញរបស់បក្ខពួកវា ឈ្មោះ អែម អន ហៅអាឆេះនេះ គឺជាមេក្លោងធំ ដែលប៉ាវផ្តាច់ការជួញដូរ និងចរាចរគ្រឿងញៀន ក្នុងតំបន់រ៉ារថភ្លើង និងរោងចក្រឆ្នាំងទាំងមូល និងជាមុខសញ្ញាចាស់ដែលមានដីកាចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ជាប់ចោទពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចមុខក្លឹបនាគមាស ក្រុមទី០៤ ផ្លូវជាតិ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ដោយផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ។
រឿងដែលគួរឲ្យចាប់អារម្មណ៍មួយ គឺក្រោយពេលចាប់ខ្លួនឈ្មោះអែម អន ហៅអាឆេះបាន សកម្មភាពចរាចរគ្រឿងញៀននៅតំបន់រោងចក្រឆ្នាំង និងរ៉ារថភ្លើង ហាក់មានសភាពស្ងប់ស្ងាត់គួរឲ្យកត់សំគាល់។
ជាមួយគ្នានេះដែរ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវផងដែរថា ការតាមចាប់ខ្លួនមេក្លោងគ្រឿងញៀននេះ គឺមិនមែនជាការងាយស្រួលនោះទេ ព្រោះថាពួកនេះគឺមានល្បិចច្រើនក្នុងការបង្វែងដាន និងគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដូច្នេះសូមឲ្យប្រជាពលរដ្ឋទូទៅជួយសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីជាប្រយោជន៍ក្នុងការបោសសំអាតពួកឧក្រិដ្ឋជនទាំងនេះ។
(អត្ថបទៈ ស៊ឹម ហ៊ាន)