មណ្ឌលគិរី: កិច្ចប្រតិបត្តិការទ្រុងទ្រាយធំមួយ នៅចំណុចភូមិកូនក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចាប់យកវត្ថុតាងឡានរេវចំនួន៨គ្រឿង រណារយន្ត១គ្រឿង ម៉ូតូ៥គ្រឿង និងឈើខុសច្បាប់ប្រមាណ១៤៥កំណាត់ ព្រមទាំងឃាត់ខ្លួនបាន១២នាក់។ យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍
សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាកម្លាំងចេញទៅខេត្តមណ្ឌលគិរី ធ្វើការបង្ក្រាបបទល្មើសព្រៃឈើនៅភូមិសាស្ត្រខាងលើ។
កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង នាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រើប្រាស់ឧទ្ធោម្ភាកចក្រចំនួន៣គ្រឿង និងដឹកនាំកម្លាំងចូលក្នុងព្រៃប្រមាណ១៣០នាក់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាននិងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
នៅព្រលឹមស្រាងៗ ថ្ងៃទី២២ ខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថបានចូលក្នុងព្រៃជិតព្រំដែនកម្ពុជា វៀតណាម ចំណុចអូរហ៊ុច បានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ជាករណីបទល្មើសជាក់ស្តែង ក្នុងនោះមានជនជាតិវៀតណាមចំនួន៧នាក់ ត្រូវបានកសាងនីតិវិធីបញ្ជូនទៅតុលាការ។ រីឯ ជនជាតិខ្មែរចំនួន៥នាក់ បានធ្វើការអប់រំ ធ្វើកិច្ចសន្យាអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយប្រគល់ជូនអាជ្ញាធរដែនដី។
(អត្ថបទៈ ឧ.អេង ហីុ)