តាកែវៈ ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ (កន្ទុយលេខ )។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង នៅវេលាម៉ោង ១៦ និង១៥នាទីល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្សារតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឈឹម ចាន់រស្មី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. កាបូបស្ពាយចំនួន០១
០២. បិុចចំនួន០១ដើម
០៣. ទូរស័ព្ទចំនួន ០១គ្រឿង
០៤. លុយខ្មែរចំនួន២០៤០០០រៀល (ម្ភៃមឺុនបួនពាន់រៀល)។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)