កំពតៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់ត្រាច និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចភូមិតាលី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ដែលជាម្ចាស់រថយន្ត រួមមានឈ្មោះៈ
១. ឌីន សំសួន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបេីកបរ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ
២. ស្រស់ វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបេីកបរ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ
៣. បាត រី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពង្រ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន រថយន្ត ម៉ាកសុាំយ៉ុង ចំនួន០២គ្រឿង ព្រមទាំងឈើប្រណិតពេញទាំង០២រថយន្ត (មិនទាន់វាស់វែង) ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)