តាកែវៈ នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិទួលត្បែង ឃំុរលាយបូរស្រុកត្រាំកក់ ខេត្តតាកែវ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ
ជួន ប៊ុនលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបបជាងកាត់កព្ជាក់ រស់នៅឃំុរលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ធំ ដែលមានទម្ងន់១០.៨០ក្រាម
២. រថយន្ត ចំនួន០១គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
៤. ប្រាក់ខ្មែរចំនួន១៩មឺុន និងប្រាក់ដុល្លា ចំនួន៥០ដុល្លា។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)