បន្ទាយមានជ័យៈ កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ០៣នាក់(តាំងខ្លួនជាគ្រូសិលា)ដែលក្រុមឆបោកលុយប្រជាពលរដ្ឋ(រាប់សែនបាត) ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលជាក្រុមឆបោកចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួននោះរួមមានឈ្មោះៈ
១.ឈ្មោះ ទាវ ម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ (តាំងខ្លួនជាគ្រូសីលា)
២.ឈ្មោះ ទាវ យួត ភេទប្រុស អាយុ៥៦ឆ្នាំ(បក្ខពួក)
៣.ឈ្មោះ កន ស៊ុំ ភេទប្រុស អាយុ៦០ឆ្នាំ(បក្ខពួក) ជនឆបោកទាំង០៣នាក់ រស់នៅភូមិប៉ោយសំរោង ឃុំ.ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា នៅពេលឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ដែលជាបក្ខពួកក្រុមឆបោកលុយអ្នកស្រុកនេះ គឺយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ របស់ប្រជាពលរដ្ឋ។
ការចាប់ខ្លួននេះកម្លាំងកងរាជអាវុធស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានទទួលពាក្យបណ្តឹ ពីប្រជាពលរដ្ឋចំនួន០៣ភូមិ បានដាក់ពាក្យបណ្តឹងឈ្មោះ ទាវ ម៉ាប់ ដែលតាំងខ្លួនជាគ្រូសិលានិងគ្រូសិល្ប៍ ដែលចេះព្យាបាលជម្ងឺ១០០មុខ ដោយសំអាងថា ខ្លួនមានវត្ថុបុរាណក្រឡាប់ផ្កាប់ផ្ងារដែលមានតម្លៃ៤៥០លានដុល្លា ហើយបានប្រើល្បិចឆបោកប្រជាពលរដ្ឋដោយសន្យាថា ចាំគេលក់វត្ថុបុរាណនេះបាន គេនឹងជួយដល់ប្រជាពលរដ្ឋឲ្យមានជីវិភាពធូរធារគ្រប់ៗគ្នា។
ដោយសារតែប្រជាពលរដ្ឋមានការជឿជាក់ ហើយបាននាំគ្នាឲ្យខ្ចីលុយ។
ចំណែកបក្ខពួក០២នាក់ទៀត ឈ្មោះ កន ស៊ុំ និងឈ្មោះ ទាវ យួត បានប្រើល្បិចឆបោកប្រជាពលរដ្ឋចំនួន០៣ភូមិ ក្នុងអំឡុងឆ្នាំ២០១៦ បានលុយថៃសរុប៩៤ម៉ឺនបាត និងលុយដុល្លាចំនួន៥០០ដុល្លា ប្រាក់រៀលចំនួន២០លាន៥សែនរៀល ក្រោយពេលបានលុយហើយជនសង្ស័យទាំង០៣នាក់បានគេចខ្លួនបាត់។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថា ក្រោយពេលកម្លាំងកងរាជអាវុធហត្ថស្រុកទទួលបានបណ្តឹងពីជនរងគ្រោះដែលចាញ់បោកក្រុមពួកគ្រូសិល្ប៍ហើយនោះ ទើបកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនិងបក្ខពួកជាបន្តបន្ទាប់បានចំនួន០៣នាក់ និងរឹបអូសវត្ថុតាងបានមួយចំនួន កាលពីថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ដោយយោងតាមពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងមានវត្ថុតាងប្រើល្បិចឆបោក និងតាមចម្លើយសារភាពហើយនោះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
(អត្ថបទ ឡាក់ ភី)