បន្ទាយមានជ័យៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ នៅវិទ្យាល័យអូរសំព័រ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយ មន្ត្រីមូលដ្ឋានស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ
មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌ លោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារស្ដារនីតិសម្បទា និងលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីគ្រឿងញៀន ដូចជាការជួញដូរ ការរក្សាទុក និងការចែកចាយ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូចំនួន១២នាក់ ស្រី០៣នាក់ និងសិស្សានុសិស្សសរុបចំនួន ២៥០នាក់ ស្រី១៤២នាក់ផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)