កោះកុងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជា នាយសេនាធិការ
កងរាជអាវុធហត្ថខេត្តកោះកុង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធានមន្ទីរ អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ សរុបចំនួន៧២នាក់។
ខ្លឹមសារក្នុងកិច្ចប្រជុំនោះផងដែរ រួមមានៈ
១. ដកបទពិសោធន៍ចំណុចខ្លាំង-ចំណុចខ្សោយ ប្រចាំខែកុម្ភះ និងទិសដៅខែមិនា បន្តស្តីពីតួនាទី ភារកិច្ច និងការងារអាវុធហត្ថ តាមបណ្តាមន្ទីរ និងមូលដ្ឋានក្រុង-ស្រុក ស្នាក់ការនីមួយៗ
២. បន្តពង្រឹងយន្តការស្រាវជ្រាវ បង្ក្រាបគ្រឿងញៀន ខុសច្បាប់លើកទីមួយ ៦ខែដើមឆ្នាំ ២០១៧ (ដោយផ្តោតសំខាន់លើការងារបង្ក្រាប និងវិធានការចុះអប់រំ ផ្សព្វផ្សាយ )។
៣. បន្តស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ក្នុងភូមិសាស្រ្ត។
៤. បន្តពង្រឹងយន្តការបង្ក្រាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិទូទាំងខេត្ត ។
៥. ពង្រឹងការត្រួតពិនិត្យ អាវុធជាតិផ្ទុះ តាមទីសាធារណៈ និងតាមក្រុមហ៊ុន ចំការ។ល។ ៦. ត្រៀមកម្លាំង មធ្យោបាយ គ្រឿងបំពាក់គ្រប់អង្គភាព ដើម្បីដោះស្រាយ បង្ក្រាបបទល្មើស គ្រប់យថាហេតុ កើតឡើងក្នុងភូមិសាស្រ្ត អោយបានទាន់ពេលវេលា និងជួយសង្គ្រោះ ប្រជាពល រដ្ឋ ជួបគ្រោះថ្នាក់ ជាពិសេសជួយជីវិតមនុស្ស ។
៧. ត្រៀមបើកវគ្គបំប៉នជំនាញអាវុធហត្ថថ្នាក់អនុសេនីយ៍ លើកទី១ ឆ្នាំ២០១៧ តាមផែនការកំណត់ ។
៨. អប់រំស្មារតី សតិអារម្មណ៍នាយទាហាន នាយទាហានរង គ្រប់ជាន់ថ្នាក់ ដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ យល់ជ្រួតជ្រាបអំពីតួនាទី និងភារកិច្ចរបស់ខ្លួនសម្រាប់ការងារខែមិនា ឆ្នាំ២០១៧ ខាងមុខអោយបានល្អប្រសើរ។ ៩. ក្នុងនោះលោកមេបញ្ជាការរង តំណាង ឯកឧត្តម មេបញ្ជាការខេត្ត ក៏បានឧបត្ថម្ភ ថវិកា ចំនួន៦០០.០០០រៀល (ហុកសិបម៉ឺនរៀល) ដែលបានពីការចូលរួមចំណែក ពីសំណាក់ នាយទាហាន នាយទាហានរង ជូនដល់លោកអនុសេនីយ៍ទោ ហេង សេងហួត នាយការិយាល័យ បច្ចេកទេស ដែលមានជម្ងឺជួបការលំបាកខ្វះខាតផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)