កំពតៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ខាងលើនេះផងដែរ គឺធ្វើឡើងជា០២លើក ដោយលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចភូមិកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយជនសង្ស័យទាំង០៣នាក់នោះ រួមមានឈ្មោះ ៈ
១. រ៉ូ ឆៃយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ
២. សុខ ហេង ភេទប្រុស អាយុ៥៤ឆ្នាំ
៣. គង់ សេីហ្វឺអ៊ី ភេទប្រុស អាយុ២៨ឆ្នាំ។ អ្នកទាំង០៣រស់នៅភូមិកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
២. ម៉ូតូ ចំនួន០២គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន ដើម្បីបន្តធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានទិញថ្នាំញៀនទាំងនោះពីឈ្មោះ ជា ទីទី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ទីទី នោះ និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ធំផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)