បាត់ដំបងៈ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ខាងលើនេះផងដែរ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះ យ៉ា សាវ៉ុង ហៅ វ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្ថិតនៅចំណុចក្នុងវត្តរំដួល ស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ថបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ ០.៦៥ក្រាម
២. ទូរស័ព្ទ ចំនួន០២គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន ដើម្បីបន្តធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានថ្នាំញៀនទាំងនោះ ពីបក្ខពួកចំនួន០២នាក់ រួមមានឈ្មោះៈ
១. ថាយ សេរីសុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ឡានតាក់សុី រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២. តាំង សុីវហួរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ រហូតអាចឈានទៅដល់ការឃាត់ខ្លួនជនបានសង្ស័យទាំង០២នាក់នោះ និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៥កញ្ចប់ ដែលមានទម្ងន់ ៣.២០ក្រាម
២. រថយន្ត ចំនួន០១គ្រឿង
៣. ម៉ូតូ ចំនួន០១គ្រឿង
៤. ទូរស័ព្ទដៃ ចំនួន០៤គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)