You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាមួយថ្នាំញៀនចំនួន០៣កញ្ចប់

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាមួយថ្នាំញៀនចំនួន០៣កញ្ចប់

ព្រះសីហនុៈ នៅវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចក្រុមទី១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. អឿន ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិទួលពង្រ ឃុំស្វាយ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២. រ័ត្ន រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ភូមិ០១ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់ ០.៤០ក្រាម
២. ដបជក់ ចំនួន០១
៣. ដាវសាំម៉ូរ៉ៃ ចំនួន០១ដើម
៤. ដែកកេះ ចំនួន០២
៥. ក្បាលផ្សារមាន់ ចំនួន០១
៦. ថង់សំរាប់ច្រកមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)