ភ្នំពេញៈ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ សន្តិសុខ និងបង្រ្កាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព
ក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការលើការងារតាមផែន-ជំនាញនីមួយៗ។វត្តមានក្នុងពិធីមានឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការរងរាជធានី ខេត្ត ទទួលផែនសន្តិសុខ និងបង្រ្កាបបទល្មើស នាយ-នាយរងការិយាល័យចំណុះ ជាច្រើនរូបអញ្ជើញចូលរួមផងដែរ។
លោក ឧត្តមសេនីយ៍ត្រី សុខ សាន្ត ស្នងការរង បានអានសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ0ជួយមេបញ្ជាការលើការងារតាមផែន-ជំនាញនីមួយៗ តាមអនុក្រឹត្យលេខ៧៧អនក្រ ចុះថ្ងៃទី២១ ខែឆ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ចនិងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ និងផ្អែកតាមសំណូមពរ ភារកិច្ចជាក់ស្តែង និងស្ថានភាពបុគ្គលិកនាពេលបច្ចុប្បន្ន សម្រេច ក មេបញ្ជាការ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការទទួលខុសត្រូវ ដឹកនាំ គ្រប់គ្រង និងបញ្ជារួម ខ មេបញ្ជាការរងទទួលផែន ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ ទទួលផ្ទាល់ផែនការងារផែនការ ហ្វឹកហ្វឺន និងប្រតិបត្តិការ ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលផែនការងារកសាងកម្លាំង ឧត្តមសេនីយ៍ឯក តេង ឈួន មេបញ្ជាការរង ទទួលការងារធានាភស្តុភារ បច្ចេកទេស ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង ទទួលផែនការងាររដ្ឋបាល នីតិកម្ម និងអធិការកិច្ច គ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង ទទួលជំនាញ។
មន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង បានមានប្រសាសន៍ថា ការប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធនឹងការបែងចែកនូវតួនាទី ភារកិច្ចទទួលខុសត្រូវដល់មេបញ្ជាការរង សេនាធិការរង ស្នងការ ស្នងការរង ទាំងអស់ ដោយសារស្ថានភាពបុគ្គលិកនៃកងរាជអាវុធហត្ថមានច្រើន និងការប្រគល់ភារកិច្ចរយៈកាលកន្លងមកនេះមានភាពល្អប្រសើរ ប៉ុន្តែនៅមានចំណុចខ្លះនៅមិនទាន់ច្បាស់លាស់។ ហេតុដូច្នេះហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ បានបែងចែកលំអិតទៅតាមកញ្ចប់ការងារនីមួយៗ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កញ្ចប់ការងារទាំងបួននៅដដែល មានផែនការងារប្រតិបត្តិការ ផែនកសាងកម្លាំង ផែនការងារភស្តុភារ បច្ចេកទេស និងផែនរដ្ឋបាល នីតិកម្មនិងអធិការកិច្ច។
ដូច្នេះការទទួលជំនាញដែលមានមេបញ្ជាការរង សេនាធិការរង ស្នងការ ស្នងការរង និងតាមបណ្តារាជធានី ខេត្ត ត្រូវរៀបចំខ្សែបណ្តោយធ្វើយ៉ាងណាឲ្យមានភាពស៊ីចង្វាក់គ្នាពីខាងក្រោម រហូតមកដល់ខាងលើ ដើម្បីងាយស្រួលបញ្ជាលើកិច្ចការជំនាញ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល ក៏បានផ្តាំផ្ញើដល់ នាយទាហានដែលមកទទួលការផ្សព្វផ្សាយនាពេលនេះ ត្រូវរាយការដល់មេបញ្ជាការរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវរៀបចំតាមសេចក្តីសម្រេចនេះ។