កោះកុងៈ នៅវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងខេមរះភូមិន្ទ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចសួនច្បារមុខអៀង អាយភូមិ២ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ប៊ុន រឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករទូក មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
២. កែវ តាំ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៩កញ្ចប់ ដែលមានទម្ងន់ ២២.៩២ក្រាម
២. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
៣. ម៉ូតូ ចំនួន០២គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)