បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរង និងពលអាវុធហត្ថចំនួន៨៧នាក់ ព្រមទាំងក្រុមគ្រួសារអាវុធហត្ថចំនួន២៨នាក់ផងដែរ។
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ថា ដោយបញ្ជាក់ឲ្យឃើញនូវទឹកចិត្ត គោរព ស្រលាញ់ ដ៍ជ្រាលជ្រៅ ពុំអាចកាត់ថ្លៃបាន ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៍ដូចជាថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែព្រួយបារម្ភ ទៅលើជីវភាព សុខភាព ចំពោះក្រុមគ្រួសាររបស់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដោយការយកចិត្តទុកដាក់ និងមិនរើសអើង តាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុមគ្រួសារអាវុធហត្ថទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះថា ដោយបានការផ្ដួចផ្ដើមពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៍ដូចជាការយកចិត្តទុកដាក់ ពីរូបលោកផ្ទាល់ និងលោកមេបញ្ជាការរងទាំងអស់ចំពោះក្រុមគ្រួសារ ក៍ដូចជានាយ នាយរង និងពលអាវុធហត្ថទាំងអស់ បានប្រារព្វពិធីអបអរសារទរ ខួបលើកទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ នាថ្ងៃនេះ។
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍បន្តទៀតថា សូមឲ្យក្រុមគ្រួសារអាវុធហត្ថទាំងអស់ត្រូវចេះថែរក្សាគ្នាអស់មួយជីវិត ព្រោះការបាក់បែកគ្រួសារនាំឲ្យជួបបញ្ហាដូចជា ប៉ះពាល់លើជីវភាពគ្រួសារ ជាពិសេសធ្វើឲ្យកូនៗមានបញ្ហាសតិអារម្មណ៍ទៀតផង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ ក៏បានអាន ព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ៖ ក្នុងសិរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសារទរខួបលើកទី១០៦ នៃទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ២០១៧ ផងដែរ។ ក្នុងពិធីនោះដែរ លោកស្រី វរសនីយ៍ត្រី ថោ ច័ន្ទថា បានឡើងអានខ្លឹមសារ ប្រវត្តិតស៊ូមតិរបស់នារី ក្នុងការទាមទារសិទ្ធិស្មើបុរស ហើយក៍មានការឡើងប្ដេជ្ញាចិត្ត ក្នុងការថែរក្សាកិត្តិយសសិទ្ធិនារី ស្មើភាពនិងបុរស ដោយកញ្ញា ព្រិន្ទបាលឯក មន្នី សុណា ផងដែរ។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ ក៏បានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកថ្មីដែល ឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីធ្វើការផ្សព្វផ្សាយរួចមក លោកឧត្ដមសេនីយ៍ បានប្រគល់វត្ថុអនុស្សាវរីយ៍ ដល់គ្រួសារអាវុធហត្ថ និងអាវុធហត្ថនារីចំនួន៤៦នាក់ ក្នុងម្នាក់ៗទទួលបាន សារុង០១, ក្រម៉ា០១ និងថវិកា១០ម៉ឺនរៀលផងដែរ។