ពោធិ៍សាត់: កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបការបទល្មើសនេសាទខុសច្បាប់ និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យជាជនជាតិវៀតណាមចំនួន០២នាក់ រួមទាំងវត្ថុតាង នៅពេលដែលពួកគេ កំពុងធ្វើសកម្មភាពនេសាទជាក់ស្ដែង។
ប្រតិបត្តិការខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង៩ និង៥៦នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ ត្រង់ចំណុចបង្គោលជ្រុំថ្មី ក្នុងកន្លែងអភិរក្សជលផល(ឡូត៍នេសាទកំពង់ប្រាក់) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ។
បើតាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Grk News ឲ្យដឹងថា ជនសង្ស័យជាអ្នកនេសាទជនជាតិវៀតណាមត្រូវបានកម្លាំងឃាត់ខ្លួនទី១ ឈ្មោះ ង្វៀង យ៉ាំងយឺក ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ឈ្មោះ ង្វៀង យ៉ាំងទែវ ភេទប្រុស អាយុ១៤ឆ្នាំ អ្នកទាំង ២នាក់ ស្នាក់នៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងបានធ្វើការចាប់យកវត្ថុតាងរួមមាន បាឡាសំបកកាវស្មាច់ទំហំទទឹង ០,៧០ម៉ែត្រ ជម្រៅ ០,៤៥ម៉ែត្រ និងប្រវែង ៦,៣០ម៉ែត្រ ភ្ជាប់ម៉ាសុីម៉ាក ហុីណូតា ១៨សោះចំនួន ១គ្រឿង មងក្រឡុកប្រវែង ៥៥២ម៉ែត្រ ជម្រៅ ២,៥០ម៉ែត្រចំនួន ១វង់ ប្រដាប់ក្រឡុកបង្កឲ្យត្រីផ្អើលចំនួន ១ កាំបិតចំនួន ១ និងត្រីចំរុះខូចគុណភាពចំនួន ៣៥គីឡីក្រាម៕