ភ្នំពេញៈ នៅសាលសាវនាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានជួបពិភាក្សាការងារជាមួយលោកសេក សាលម៉ាន់ ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាសីុ ស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធទាំងពីរ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សកិច្ចការងាររបស់លោក សេក សាលម៉ាន់ ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាសីុមកកាន់ប្រទេសកម្ពុជា សារជាថ្មី។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា សហព័ន្ធបាល់ទាត់កម្ពុជាបានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការជំរុញឲ្យវិស័យបាល់ទាត់នៅកម្ពុជា ឲ្យមានការរីកចំរើនជាមួយនឹងការគាំទ្រ ចូលរួមពីមហាជន មានគាំទ្រពីសប្បុរសជន និងពីក្រុមហ៊ុនឧបត្ថម្ភ។
ជាមួយនឹងការកសាងសាលាបាល់ទាត់នៅទន្លេបាទីដែលផ្តល់ឲ្យការហ្វឹកហាត់ដល់យុវជន អាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំ និងការបង្កើតឲ្យមានព្រឹត្តិការប្រកួតបាល់ទាត់យុវជនថ្នាក់ជាតិ និងតំបន់។ ឯកឧត្តម សៅ សុខា បានរំលឹកកាលពីមុនប្រជាជនកម្ពុជាមានការគាំទ្រវិស័យប្រដាល់ តែឥឡូវប្រជាជនបានងាកមកគាំទ្រ បាល់ទាត់ និងបានក្លាយជាអាជីវកម្មបង្កើតតារាងបាល់ទាត់រាប់រយនៅរាជធានីភ្នំពេញ រហូតដល់តាមបណ្តាខេត្ត ស្រុក ទាំងមនុស្សចាស់ ក្មេង យុវវ័យ នាំគ្នាលេងបាល់ទាត់ដើម្បីសុខភាព។
សហព័ន្ធបាល់ទាត់កម្ពុជា បានសហការជាមួយក្រសួងអប់រំ ជំរុញឲ្យតាមខេត្ត បង្កើតឲ្យមានតារាងបាល់ទាត់នៅតាមវិទ្យាល័យ ក្នុងនោះដែរ ត្រូវការការបណ្តុះបណ្តាលគ្រូ អាជ្ញាកណ្តាល រដ្ឋបាល និងពេទ្យកីឡា។ ការលេងកីឡាបាល់ទាត់បានអប់រំយុវជន ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ពីជំងឺអេដហ៍ ជំងឺឆ្លង ជៀសឆ្ងាយពីមីន អាវុធគ្រឿងផ្ទុះ គោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យ សុខភាព ដាំដើមឈើ ដើម្បីកម្ពុជាក្លាយជាប្រទេសបៃតង និងដើម្បីត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២៣ខាងមុខនេះ ដែលប្រទេស កម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោកសេក សាលម៉ាន់ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលមានសេ្ថរភាពនយោបាយ សន្តិសុខ សណ្តាប់ធា្នប់សង្គមល្អ ធ្វើប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ជាមួយនោះក៏មានវិស័យបាល់ទាត់ផងដែរ មានការវិវឌ្ឍន៍រីកចំរើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី នឹងឆ្លើយតបចំពោះផែនការចក្ខុវិស័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្ស គ្រូបង្វឹក អាជ្ញាកណ្តាល រដ្ឋបាល គ្រូពេទ្យកីឡា ទីផ្សា ព្រមទាំងជំនួយក្នុងការរៀបចំកីឡាអូឡាំពិកនៅឆ្នាំ២០២៣ តាមការផ្តល់ជាថវិកា ក្នុងការធ្វើដំណើរ ការស្នាក់នៅ និងការរៀបចំឲ្យមានការប្រកួតបឋម ការប្រកួតក្នុងតំបន់និងពិភពដល់សហព័ន្ធបាល់ទាត់កម្ពុជា។
ជាមួយនោះសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី នឹងបញ្ជូនមន្រ្តីជំនាញពាក់ពន្ធមកសិក្សាវាយតម្លៃ និងផ្តល់ជំនួយដល់សហពន្ធបាល់ទាត់កម្ពុជា តាមគម្រោងស្នើសុំ។