ស្វាយរៀងៈ នៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៥នាក់ ស្ថិតនៅចំណុចមុខភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១.រ័ត្ន ទី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
២. ថៃ បិុនយ៉ុង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាសីុណូ មានទីលំនៅភូមិ៣ សង្កាត់១០ ក្រុងហូជីមិញ ប្រទេសវៀតណាម
៣. មាឃ សំអាត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៤. ឃឹម ណាក់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៥. ហ្វ័រ មិនវី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិអីបដុង ក្រុងកាន់ធឺ ប្រទេសវៀតណាម។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៦កញ្ចប់
២.ទូរស័ព្ទដៃ ចំនួន០៧គ្រឿង
៣.អត្តសញ្ញាណប័ណ្ណ ចំនួន០៣
៤.កាំភ្លើងកែច្នៃ ចំនួន ០១ដើម
៥.ដាវសាំម៉ូរ៉ៃ ចំនួន០១ដើម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)